Wednesday, April 5, 2017

ត្រីទឹកស៊ីអ៊ីវជាមួយគល់ខ្ទឹម


* គ្រឿងផ្សំ៖


- ត្រី ១ ក្បាល ប្រហែលជា ៤០០ ក្រាម
- គល់ខ្ទឹម ១០ គល់កាត់ប្រវែង ៣ ថ្នាំងដៃពីគល់ខ្ទឹមយកកូនកាំបិតពុះ ២-៣ កាំបិតសងខាងខ្ទឹមប៉ុន្តែកុំឲ្យដាច់
- ជីវ៉ាន់ស៊ុយ ហាន់តូចៗ
- ខ្ញី ១ មើមតូចហាន់ជាចំណិតសរសៃតូចៗ
- ទឹកស៊ីអ៊ីវ ៥ ស្លាបព្រាកាហ្វេ
- ប្រេងល្ង ២ ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ

* វិធីធ្វើ៖


១- មុនដំបូងអ្នកត្រូវលាយគ្រឿងផ្សំចូលទៅក្នុងកូនចានមួយដែលមាន គ្រឿងផ្សំដូចជាទឹកស៊ីអ៊ីវ, ប្រេងល្ង, ស្ករស, ប៊ីចេង និងអំបិលរួចហើយកូរវាឲ្យរលាយសប់ចូលគ្នារក្សាទុកដោយឡែកសិន។
២- យកត្រីរៀបដាក់ក្នុងចានបន្ទាប់មករៀបខ្ញី គល់ខ្ទឹមរាយពីលើត្រី រួចហើយក៍យកគ្រឿងផ្សំដែលបានលាយទុកនោះមកដាក់ពីលើដែរ។
៣- យកត្រីដែលបានលាយគ្រឿងផ្សំរួចរាល់ហើយដាក់ក្នុងឆ្នាំងដើម្បី ចំហុយប្រហែលជា១០-១៥ នាទីពេលដែលឆ្អិនហើយទើបអ្នកដាក់ជីវ៉ាន់ស៊ុយពីលើ ត្រីដែលបានចំហុយឆ្អិននោះជាការរួចរាល់៕

វិធីធ្វើបុកកាពិ បែបថៃ



*​ គ្រឿងផ្សំ៖

1- កាពិឆៅក្លិនឈ្ងុយមិនសូវប្រៃ 1ស្លាបព្រាបាយ
2- ខ្ទឹមស 5កំពិស
3- ស្ករស 3ស្លាបព្រាបាយ
4- ទឹកក្រូចឆ្មា 5ស្លាបព្រាបាយ
5- ម្ទេសហ៊ឹរ 8ទៅ10គ្រាប់
6- ត្រប់ពត់ញងលីងឲ្យស្រពាប់ 5ទៅ7គ្រាប់
7- ពងទាចៀនស្អំរសជាតិសាបៗ 7ទៅ8ចំណិតតូចៗ
8- ត្រីប្លាធូចៀនសាបៗ 2ទៅ3ក្បាល
9- បន្លែអន្លក់ចម្រុះ តាមចំណូលចិត្ត


* វិធីធ្វើ៖

1- យកកាពិដាក់ចូលត្បាល់ បកសម្បកខ្ទឹមសរួចបុកចូលគ្នាឲ្យម៉ត់
2- ដាក់ស្ករសចូល បុកបន្តទៀត រួចបន្តដាក់ម្ទេសហ៊ឹរ បុកឲ្យម៉ត់ ដាក់ត្រប់ពុតញងចូលបុកទក់ៗ សឹមដាក់ទឹកក្រូចឆ្មារចូល បុកឲ្យចូលសព្វជាតិគ្នា
3- ភ្លក្សមើល ថែមថយរសជាតិតាមចូលចិត្ត
4- ដួសដាក់ចានចង្កឹះញ៉ាំផ្ទាប់ជាមួយអន្លក់ ចម្រុះ រួមមានបន្លែឆៅ បន្លែស្រុស ត្រីប្លាធូចៀនសាប ពងទាចៀនស្អំរសជាតិសាប
ទទួលទានជាមួយបាយសក្តៅៗ ឆ្ងាញ់បំផុតក្នុងខែរងា ឬអាកាសធាតុត្រជាក់។

Tuesday, April 4, 2017

គន្លឹះ១០យ៉ាងដែលជួយអោយកុមារមានចិត្តគំនិតល្អ


បើចង់ឱ្យកុមារមានចិត្តគំនិតល្អ និង ព្រមទាំងអាចក្លាយជាមនុស្សល្អក្នុងសង្គមនាថ្ងៃខាងមុខនោះ ឪពុកម្តាយចាំបាច់ណាស់ត្រូវតែអនុវត្តនូវវិធីសាស្ត្រសម្រាប់តម្រង់ផ្លូវកូនតូចរបស់ខ្លួនពីឥឡូវនេះទៅ ។ នេះជាវិធីទាំង ១០ ដែលលោកអ្នកអាចអនុវត្តបានដូចជា ៖


១ – និយាយថា«អត់»ខ្លះ



ឪពុកម្តាយមិនត្រូវទិញរបស់ឱ្យគ្រប់យ៉ាងដល់កូនតូចរបស់ខ្លួនឡើយ បើទោះបីជាខ្លួនមានលទ្ធភាពទិញឱ្យក៏ដោយចុះ ។ ត្រូវតែគិតឱ្យបានម៉ត់ចត់ថា របស់ដែលត្រូវទិញឱ្យនេះវាគួរទិញឱ្យដែរឬទេ ។ ហេតុនេះបើឃើញថា មិនចាំបា់ចទេអ្នកត្រូវតែបដិសេធថា «ទេ» ប្រសើរជាង ព្រោះថា ការធ្វើបែបនេះ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីរឿងការមិនពេញចិត្តរបស់អ្នកដទៃខ្លះបើពុំនោះទេគេអាចនឹងក្លាយជាកុមារចេះតែទារឱ្យខានតែបានមួយមុខប៉ុណ្ណោះ ។

២ – សម្តែងការអរគុណដោយទង្វើ



ក្រៅពីមានការបង្ហាត់បង្រៀនឱ្យកុមារចេះនិយាយអរគុណដល់ឪពុកម្តាយ ឬ អ្នកដទៃហើយ ក្រៅពីនេះត្រូវបង្រៀនកុមារឱ្យចេះលើកដៃសំពះអរគុណឪពុកម្តាយនិងចាស់ទុំផងដើម្បីសម្តែងក្តីស្រឡាញ់ដល់ឪពុកម្តាយ និង ការគោរពដល់ចាស់ទុំដទៃទៀត ។

៣ – បង្រៀនកុមារឱ្យចេះសរសេរប័ណ្ឌថ្លែងអំណរគុណ ឬ្ ធ្វើប័ណ្ណថ្លែងអំណរគុណជំនួសការនិយាយ


ត្រូវឱ្យគេសរសេរទៅតាមមនោសញ្ចេតនារបស់ខ្លួន ដើម្បីសម្តែងពីអារម្មណ៍និងការនឹកគិតចេញពីខ្លួនរបស់គេផ្ទាល់ ។ ការធ្វើបែបនេះ ក៏ជាបែបផែនមួយដែលបញ្ជាក់ពីក្តៅស្រឡាញ់ដែលមនុស្សជាច្រើនចង់បានវា ហើយជាកិច្ចឆ្លើយតបកុមារអាចបានទទួលមកវិញនូវក្តីស្រឡាញ់ ដោយពេលខ្លះលើសពីការនិយាយដោយផ្ទាល់ទៅទៀត ។


៤ – រិះរករកវិធីចិញ្វឹមកុមារ


គួរជជែកពិភាក្សាជាមួយតាយាយរបស់គេដើម្បីរកវិធីចិញ្ចឹមកុមារឱ្យបានល្អ ជាពិសេសត្រូវប្រគល់សេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ជាមួយចៅច្រើនជាងការដែលឱ្យនំឬប្រាក់កាស ។


៥ – ជ្រើសរើសការចិញ្ចឹមកុមារទៅតាមបែបផែនសង្គម


នេះជាវិធីល្អមួយដើម្បីឱ្យកុមារធំឡើងអាចរត់ទៅតាមសង្គមទាន់គេ ប៉ុន្តែយ៉ាងណាមិនត្រូវបង្រៀនអ្វីដែលស៊ីវិល័យមិនល្អដែរ ពីព្រោះថាគេអាចក្លាយជាក្មេងមិនល្អណាមួយដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយវិញ ។ ត្រូវចេះជ្រើសរើសទាំងសង្គមបច្ចុប្បន្នបូកផ្សំជាមួយប្រពៃណីទំនៀមទម្លាប់ខ្លះ ដើម្បីឱ្យគេបានធ្វើការស្វែងយល់សម្រាប់រស់នៅក្នុងសង្គមល្អមួយនាថ្ងៃខាងមុខ ។


៦ – មិនត្រូវមួហ្មងជាមួយនឹងការបរាជ័យ


បង្រៀនកុមារឱ្យបានស្កាល់ពីអ្វីដែលជាការបរាជ័ខ្លះ ពីព្រោះថាការបរាជ័យ និង ការទទួលបានជោគជ័យដើរទន្ទឹមគ្នាជានិច្ចដើម្បីឱ្យគេអាចយល់ដឹង ហើយចេះខិតខំច្បាមយកភាពជោគជ័យដាក់ខ្លួននាពេលក្រោយៗទៀត ។


៧ – មិនត្រូវលើកស្ទួយឱ្យកុមារទិញរបស់របរច្រើនយ៉ាង


ប្រសិនបើកុមារចង់បានតក្កតា ត្រូវជ្រើសរើសមួយណាដែលគេចូលចិត្តបំផុតត្រឹមតែមួយបានហើយ និង ត្រូវចេះលើកសរសើរដល់កុមារថាបានជ្រើសរើសតក្កតាបានល្អ ដើម្បីជាការលើកទឹកចិត្ត ព្រោះថា ការធ្វើបែបនេះនាំឱ្យកុមារមានការពេញចិត្តលេងរបស់គេចង់បានមួយនេះ និង ពិសេសមានការសប្បាយចិត្តពីការជ្រើសរើសរបស់ខ្លួនគេថែមទៀត ។

៨ – ឱ្យកុមារយកសម្លៀកបំពាក់ ឬ របស់លេងបរិចាកឱ្យដល់អ្នកដទៃ


បើមានពេលត្រូវនាំកុមារទៅកាន់មជ្ឈមណ្ឌលបរិចាករបស់របរឱ្យបានញឹកញាប់ផង។ព្រោះថាការធ្វើបែបនេះ ដើម្បីបណ្តុះបណ្តាលឱ្យកុមារមានចិត្តសម្បុរសធម៌ និង គោរពដល់អ្នកដទៃកាន់តែច្រើនឡើង ។


៩ – បង្រៀនកុមារឱ្យស្គាល់តម្លៃប្រាក់កាស


បង្រៀនកុមារឱ្យចេះសន្សំប្រាក់ និង ពិសេសមានគម្រោងសន្សំច្បាស់លាស់ ប្រសិនបើមានការបង្រៀនកុមារតាំងតែពីក្មេងៗ នឹងមានមូលដ្ឋានក្នុងការគ្រប់គ្រងប្រាក់កាសបានល្អ មានភាពស្មោះត្រង់ និង ចេះក្នុងការសន្សំថែមទៀត ។

១០ – បញ្ជាក់ប្រាប់ពីបទពិសោធន៍របស់ខ្លួនឱ្យកូនតូចដឹង


ដើម្បីជាគំរូដល់កូនវិញ ឪពុកម្តាយចាំបាច់ត្រូវប្រាប់កូនពីការអ្វីដែលខ្លួនបានខិតខំកសាងគ្រួសារតាំងពីមុនរហូតមានដល់ពេលបច្ចុប្បន្ន ហើយបើគ្មានការខិតខំណាមួយទេនាពេលនេះក៏មិនមានអ្វីៗទាំងនេះដែរ ។ ត្រូវពន្យល់ប្រាប់គេពីការខិតខំការងារ និង ការរកប្រាក់កម្រៃបានយ៉ាងដូចម្តេចដើម្បីឱ្យកូនបានដឹងពីរាល់ឧបសគ្គផ្សេងៗ ហើយគេមានហេតុផល ចេះគិត និង ចេះដឹងពីតម្លៃផ្សេងៗបានកាន់តែច្រើនឡើង ៕



សាច់គោអាំង+ជ្រក់


សាច់គោអាំង+ជ្រក់ 

មុខម្ហូបនេះគេនិយមធ្វើជាគ្រឿងក្លែមក្នុងកម្មវិធីនានា 

 *គ្រឿងផ្សំ
 - សាច់គោល្អ ឬសាច់ជាប់ខ្លាញ់ តាមចំណង់អ្នកបរិភោគ -​ម្ទេសក្រហម ( សម្រាប់អ្នកមិនចេះហិរមិនបាច់ដាក់ក៏បាន ) 
 - គល់ស្លឹកគ្រៃ
 - រំដេង
 - ខ្ជាយ 
 - សំបកក្រូចសើច
 - ខ្ទឹមស
 - ខ្ទឹមក្រហម
 - សណ្តែកដីលីង
 - ស្ករស ឬ ស្ករត្នោត
 - គ្រឿងការី
 - សាច់ដូងទុំ
 - អំបិល ទឹកត្រី
 - ម៉្សៅស៊ុប
 - ល្ហុងចាស់
 - ត្រសក់
 - ការ៉ុត
 - ទឹកខ្មេះ

*វិធីធ្វើសាច់គោ
 - យកសាច់គោហាន់ជាបន្ទះស្តើងៗល្មមហើយទុកមួយអន្លើរសិន
 - យកគ្រឿង គល់ស្លឹកគ្រៃ រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី អំបិល បុកចូលគ្នាអោយម៉ដ្ឋ -យកសាច់ដូងទុំពូតយកទឹកដើម
 - យកសណ្តែកដីលីងបុកតែកុំអោយល្អិតពេក
 - យកគ្រឿងដែលបុកហើយ និងសណ្តែកដី ដាក់លាយចូលគ្នាហើយថែមម៉្សៅស៊ុប ទឹកត្រី អោយល្មមទើបយកសាច់គោមកប្រលាក់ជាមួយគ្រឿងអោយសព្វរួចយកមកដោតឈើចង្កាក់ហើយដាក់អាំងជាការស្រេច ។

 *វិធីធ្វើជ្រក់
-  យកល្ហុង ការ៉ុត ត្រសក់មកឈូសជាសសៃ ហើយដាក់ស្ករ អំបិល ទឹកខ្មេះ ផ្អាប់វារវាងប្រាំម៉ោងទើបអាចទទួលទានបាន ។
 

វិជ្ជាធ្វើម្ហូប Cooking Recipe Template by Ipietoon Cute Blog Design